ព្រឹត្តិការណ៍
គ្រោង​បង្ហាញ​ល្បុក្កតោ នៅ​អង្គរវត្ត ឲ្យ​បាន​ប្រចាំ​សប្តាហ៍
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
499
រូបភាព
លោក សាន គឹមស៊ាន ក្នុង​ពេល​លោក​សម្តែង​ជាមួយ​សិស្ស​របស់​លោក នា​ពេល​កន្លងមក។
ភ្នំពេញៈ លោកគ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ជា​ស្ថាបនិក​មួយ​រូប ដែល​បាន​ប្រឹងប្រែង​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​កីឡា​ល្បុក្កតោ​របស់​ខ្មែរ កំពុង​តែ​គ្រោង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត និង​សម្តែង​ល្បុក្កតោ​នៅ​អង្គរវត្ត ឲ្យ​បាន​ជា​ប្រចាំ​សប្តាហ៍​តែ​ម្តង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​មរតក​ក្បាច់គុន​ដូនតា​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត។

លោក សាន គឹមស៊ាន បាន​ទៅ​បង្កើត​សាលា​គុន​ល្បុក្កតោ​នៅឯ​ខេត្ត​សៀមរាប​ជាង​២​ឆ្នាំ​មក​ហើយ ក្រោយពេល​លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​តួនាទី​ពី​ប្រធាន​សហព័ន្ធ ទៅ​ជា​ប្រធាន​កិត្តិយស​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​អស់​មួយ​ជីវិត​នោះ។ ប៉ុន្តែ លោក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ​លោក​បាន​ត្រៀម​រៀបចំ​កម្មវិធី​សម្តែង​ក្បាច់គុន​កីឡា​ប្រពៃណី ជាពិសេស​គឺ​កីឡា​ល្បុក្កតោ​ខ្មែរ ដើម្បី​សម្តែង​ជូន​អ្នក​នាំ​ភ្ញៀវ គឺ​មគ្គុទេ្ទសក៍​បាន​ចូល​ទស្សនា​ស្វែងយល់​ពី​ខ្លឹមសារ​អត្ថន័យ​ពិត ព្រម​ទាំង​សិល្បៈ​នៃ​ភាព​ទន់ភ្លន់ និង​រឹងមាំ​នៃ​ក្បាច់គុន ដែល​ជា​វប្បធម៌​របស់​ខ្មែរ​។

លោក​គឹមស៊ាន បាន​បន្ត​ថា​៖​«កម្មវិធី​នេះ​ជា​គោលបំណង​ធំ​មួយ​របស់​ខ្ញុំ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កីឡា​ល្បុក្កតោ​ខ្មែរ ដែល​ជា​ព្រលឹង និង​វប្បធម៌​ជាតិ ជូន​ដល់​ភ្ញៀវ​អន្តរជាតិ ដែល​បាន​មក​ទស្សនា​លើ​ទឹកដី​ទេសចរណ៍​វប្បធម៌​ខេត្ត​សៀមរាប​។ លើសពី​នេះ​ខ្ញុំ​មាន​គម្រោង​បង្ហាញ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នៅ​ចុងសប្តាហ៍ ដោយ​មាន​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ដោយ​មាន​លក់​សំបុត្រ​ផង​ដែរ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ទ្រទ្រង់​ល្បុក្កតោ​»។បើ​តាម​គម្រោង​របស់​លោក សាន គឹមស៊ាន នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​ខាង​មុខ​នេះ នឹង​មាន​ការ​សម្តែង​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ រយៈពេល​មួយ​ម៉ោង ដើម្បី​ឲ្យ​អ្នក​នាំ​ភ្ញៀវ ឬ​មគ្គុទេ្ទសក៍​ទេសចរណ៍ បាន​ស្វែងយល់​ពី​អត្ថន័យ​ពិត ហើយ​នាំ​អ្វីៗ​ដែល​បាន​ឃើញ បាន​ដឹង​ទាំងនោះ​ទៅ​ប្រាប់​ភ្ញៀវ​ឲ្យ​បាន​ត្រឹមត្រូវ តាម​អត្ថន័យ​ដើម​តែ​មួយ ដោយ​មិន​ឲ្យ​មាន​ការ​ពន្យល់ ឬ​ផ្សព្វផ្សាយ​ខុសៗ​ពី​គ្នា​នោះ​ឡើយ​។

លោក គឹមស៊ាន បាន​លម្អិត​ថា៖​«​ក្នុង​រយៈពេល​មួយ​ម៉ោង​នោះ យើង​ចែក​ជា​បី គឺ​២០​នាទី​សម្រាប់​បង្ហាញ​ពី​ក្បាច់គុន​ដ៏អស្ចារ្យ​នៃ​ល្បុក្កតោ ហើយ​២០​នាទី​បន្ទាប់​គឺ​ការ​បង្ហាញ​ពី​ស្នៀត​នីមួយៗ​សំខាន់ៗ ខណៈ​២០​នាទី​ចុងក្រោយ​គឺជា​ល្បែង​កម្សាន្ត ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​លេង​ជា​បឋម បាន​ដូចជា​ការ​ប្រកួត​លក្ខណៈ​ជា​ក្រុម ឬ​បុគ្គល​ដោយ​មាន​កីឡា​កម្សាន្ត ដូចជា​រុញ​អង្រែ​ជាដើម»​។

គួរ​រំឭក​ថា លោក​សាន គឹមស៊ាន បច្ចុប្បន្ន​មាន​អាយុ​៧០​ឆ្នាំ តែ​លោក​នៅ​តែ​មាន​សុខភាព និង​កម្លាំង​មាំមួន ព្រោះ​ជា​អ្នក​និយម​ចូលចិត្ត​ហាត់គុន ព្រមទាំង​មាន​លក្ខណៈ​តស៊ូ​ក្នុង​ការ​លំបាក​ជាច្រើន​ក្នុង​ឆាកជីវិត ហើយ​លោក​មាន​ក្តីបំណង និង​ទស្សនៈ​ជាតិ​និយម​ខ្លាំង​បំផុត​ចំពោះ​ក្បាច់គុន​ល្បុក្កតោ​។

លោក បាន​ឈប់​ពី​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ដោយ​ប្រគល់​ទៅ​ឲ្យ​លោក​វ៉ាត់ ចំរើន ធ្វើ​ជា​ប្រធាន​វិញ​ម្តង ព្រោះ​លោក​ចង់​យក​ពេលវេលា​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសា​កីឡា​ល្បុក្កតោ៕
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 218 
ពីម្សិលមិញ 279 
សរុប 27,749