ព្រឹត្តិការណ៍
អ្នក​ជំនាញ​រិះគន់​អ្នក​ថា ល្បុក្កតោ មិនមែន​របស់​ខ្មែរ
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
1061
រូបភាព
លោក សាន គឹមស៊ាន ស្ថាបនិកចងក្រងក្បាច់គុនល្បុក្កតោ
ភ្នំពេញៈ លោក សាន គឹមស៊ាន អតីត​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ដែល​ត្រូវ​បាន​មហាសន្និបាត បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​កិតិ្តយស​របស់​សហព័ន្ធ​មួយ​ជីវិត​វិញ​នោះ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​របស់​គ្រូ​ក្បាច់គុន​មួយ​ចំនួន ដែល​បាន​ផ្តល់​សម្ភាសន៍​ឲ្យ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​និយាយ​ថា ល្បុក្កតោ​មិនមែន​ជា​កំពូល​ក្បាច់គុន​របស់​ខ្មែរ ហើយ​ការ​លើក​ឡើង​នោះ​បាន​ធ្វើឲ្យ​លោក​ចេញ​មុខ​មក​បកស្រាយ និង​បាន​បង្ហាញ​ពី​សក្តានុពល និង​ភ័ស្តុតាង ព្រម​ទាំង​សមិទ្ធផល​ដ៏​ត្រចះត្រចង់ ដែល​ល្បុក្កតោ​បាន​ងើប​ឡើង​វិញ និង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ល្អ​ពី​អន្តរជាតិ​។

នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ លោក សាន គឹមស៊ាន ដែល​កំពុង​បើក​សាលា​គុន​បណ្ឌិត្យ​សភា​ល្បុក្កតោ នៅ​ខេត្ត​សៀមរាប នោះ​បាន​និយាយ​ថា៖​«ហេតុផល​ដែល​ខ្ញុំ​ដេក​មិន​លក់ ដោយសារ​មាន​លោក​គ្រូ​ក្បាច់គុន​មួយ​ចំនួន តាំង​ខ្លួន​គ្រាន់​បើ និយាយ​អួតអាង​ពី​ចំណេះ​ក្បាច់គុន ធ្វើឲ្យ​ប៉ះពាល់​ដល់​មរតក​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ ជាពិសេស​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ និង​បរទេស​មួយ​ចំនួន មាន​ការ​ភាន់ច្រឡំ ឬ​វង្វេង​ដោយសារ​តែ​ពួក​គ្រូ​ក្បាច់គុន​ក្មេង​ខ្ចី​មួយ​ចំនួន​នោះ»។

លោក ស៊ាន គឹមស៊ាន និយាយ​ថា គ្រូ​ទាំងនោះ បាន​និយាយ​ផ្តេសផ្តាស​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្បាច់គុន​ល្បុក្កតោ មិនមែន​របស់​ខ្មែរ​។ លោក បាន​បន្ត​ថា​ប្រសិន​បើ​ពួកគេ​និយាយ​បែប​នោះ ស្មើ​នឹង​បំផ្លិចបំផ្លាញ​មរតក​ក្បាច់គុន ដែល​ជា​ព្រលឹង​ខ្មែរ។

ការ​រស់​ឡើង​វិញ​នៃ​ល្បុក្កតោ

យោងតាម​ឯកសារ​លោក ​សាន គឹមស៊ាន បាន​ចងក្រង​ជា​លំដាប់លំដោយ​ទាក់ទង​ទៅ​នឹង​កីឡា​ល្បុក្កតោ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​មាន​៩​ចំណុច​គួរ​កត់សម្គាល់​។ ទី​១ ល្បុក្កតោ បាន​ចាប់​កំណើត​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០០៤ ដោយ​លោក សាន គឹមស៊ាន បង្កើត​បាន​ជា​សហព័ន្ធ និង​បាន​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ​ថា​ជា​កីឡា​របស់​ជាតិ​។

ចំណុច ទី​២ ល្បុក្កតោ បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៣ នៅ​ហ្វីលីពីន ឆ្នាំ​២០០៥ ដោយ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ក្នុង​វិញ្ញាសា​ជា​ក្រុម​។ ទី​៣ នៅ​ឆ្នាំ​២០០៦ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ប្រកួត​ជើងឯក​ជាតិ​ទូទាំង​ប្រទេស​។ រីឯ​ទី​៤ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៩ ក្បាច់គុន​ល្បុក្កតោ បាន​ចូល​ជា​សមាជិក​ពេញ​សិទិ្ធ​នៃ​សហភាព​កីឡា​ក្បាច់គុន​បុរាណ​ពិភពលោក (World Martial Arts Union) ដោយ​មាន​អង្គការ​យូណេស្កូ​ទទួល​ស្គាល់ និង​មាន​សមាជិក​៣៣​ប្រទេស ដែល​សុទ្ធសឹង​តែ​មាន​ក្បាច់គុន​ជា​វប្បធម៌​ចំណាស់​មាន​ប្រភព​ច្បាស់លាស់​។

ចំណែក​ទី​៥ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១០ ល្បុក្កតោ ត្រូវ​បាន​ទៅ​បង្ហាញ​ក្បាច់គុន​នៅ​ទីក្រុង​ឃ្យុងយូ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​ព្រឹត្តិការណ៍ World Martial Arts Festival ដែល​មាន​១២​ប្រទេស​ចូលរួម ហើយ ជាប់​ចំណាត់​ថ្នាក់​លេខ​២​។ ទី​៦ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១១ ល្បុក្កតោ បាន​ទៅ​ចូលរួម​បង្ហាញ​ក្បាច់គុន​នៅ​បារាំង​ដែល​ក្នុង​ព្រឹត្តិការណ៍ KARATE BUSHIDO ឬ 26 Festival Des Arts Martiaux ParisBercy ហើយ​ទី​៧ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ល្បុក្កតោ​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​វាយ​ដាក់​ទ្រុង​(MMA)​នៅ​ម៉ាឡេស៊ី នា​ទីក្រុង​គូឡាឡាំពួ ដែល​មាន​១០​ប្រទេស​ចូលរួម និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​។

ចំណុច​ទី​៨ គឺ​នៅ​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស និង​បង្កើត​គណៈកម្មការ​អន្តរក្រសួង រៀបចំ​ឯកសារ​ដាក់​បញ្ចូល​ល្បុក្កតោ ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មនុស្ស​ជាតិ និង​បាន​បំពេញ​លក្ខខណ្ឌ​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ មនុស្សជាតិ ក្នុង​ឆ្នាំ​២០១២​។ ចំណុច​ទី​៩ នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២ កីឡា​ល្បុក្កតោ បាន​ចូលរួម​ប្រកួត​ក្បាច់គុន​បុរាណ​នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្នុង​ព្រឹត្តិការណ៍ ONG BANG ដែល​មាន​ប្រទេស​២៧​នៅលើ​ពិភពលោក​បាន​ចូលរួម ហើយ​កម្ពុជា​ជាប់​លំដាប់​លេខ​១ ផ្នែក​សម្តែង និង​ប្រយុទ្ធ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ផ្នែក​បវរកញ្ញា​ក្បាច់គុន មួយ​ទៀត​។

លោក សាន គឹមស៊ាន បាន​រៀបរាប់​ថា​៖«​នៅ​ឆ្នាំ​២០១៣ ខ្ញុំ​ត្រូវ​បាន​គាំទ្រ​ពី​លោកគ្រូៗ​គ្រប់​ខេត្ត ក្រុង សិស្សគណ និង​អស់​លោក​ថា្នក់​ឯកឧត្តម​មួយ​ចំនួន ព្រម​ទាំង​ជនបរទេស​មកពី USA អូស្ត្រាលី កូរ៉េ បារាំង កាណាដា ជប៉ុន ជាដើម​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មការ​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា និង​ជា​ប្រធាន​សាលា​បណ្ឌិត្យ​សភា​ល្បុក្កតោ ហើយ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នេះ ខ្ញុំ​មាន​មោទនភាព​ក្រៃលែង​ក្នុង​ការ​បណ្តុះបណ្តាល​ក្បាច់គុន​ជូន​ក្មេង ជំនាន់​ក្រោយ ដើម្បី​ថែរក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​គង់វង្ស ហើយ​ថ្ងៃ​អនាគត​ល្បុក្កតោ នឹង​ល្បីរន្ទឺ​ចាំងរស្មី​ដូច​ពេជ្រ​ដែល​មាន​ពន្លឺ​៧​ពណ៌​»។

ចំណែក​លោក ហុក ឈាងគីម ព្រឹទ្ធាចារ្យ​ក្បាច់គុន​ចម្រុះ មាន​បទពិសោធ​ច្រើន​ក្នុង​សកម្មភាព​កីឡា ហើយ​បច្ចុប្បន្ន​ជា​គ្រូ ល្បុក្កតោ វ៉ូវីណាម ហាប់គីដូ និង​កីឡា​ចំបាប់​នោះ បាន​និយាយ​ថា​៖ «​ក្បាច់គុន​បុរាណ​អ្វី​ក៏ដោយ​ក៏​ជា​មរតក​ក្បាច់គុន​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​ដែរ ប៉ុន្តែ​រឿងរ៉ាវ​ដែល​មាន​គ្រូ​ក្បាច់គុន​មាន​គំនិត​ខ្វែង​គ្នា ឬ​និយាយ​ដើម្បី​អួតអាង​ថា​ក្បាច់គុន​នេះ​ល្អ​ជាង​អានោះ អានេះ​កើត​ក្រោយ​អានោះ អានេះ​ធំ​ជាង​អានោះ គឺ​ជា​រឿង​បុគ្គល ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មរតក​ដូនតា ព្រោះ​វា​សុទ្ធ​តែ​ជា​របស់​ខ្មែរ​ទាំងអស់​ហ្នឹង​»។

គ្រូបង្វឹក​វ័យ​៧០ ឆ្នាំ​រូប​នេះ សង្កត់​ធ្ងន់​ថា៖ «​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែល​ធ្លាប់​បែកបាក់ គឺ​ដោយសារ​អំនួត​របស់​ពួក​អាត្មានិយម ឬ​ក្រុម​អះអាង​ថា ខ្លួនឯង​ពូកែ​ជាង​គេ​នោះ​។ សរុប​ទៅ​សម្រាប់​ខ្ញុំ​ផ្ទាល់ មិន​គួរ​និយាយ​ថា​ក្បាច់គុន​ល្បុក្កតោ មិនមែន​របស់​ខ្មែរ​នោះ​ទេ ព្រោះ​សម្តី​ទាំងនោះ​ជា​ការ​បន្តុះបង្អាប់​មរតក​ជាតិ​យើង​តែ​ប៉ុណ្ណោះ ហើយ​ក៏​អាច​ធ្វើឲ្យ​ក្បាច់គុន​ក្នុង​សង្គម​ខ្មែរ​បែបបាក់»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ NOCC និង​ជា​ស្ថាបនិក​ចងក្រង​ក្បាច់គុន​ល្បុក្កតោ​ឡើង​វិញ មាន​វ័យក្មេង​ជាង​គេ និង​មាន​ជំនាញ​ខាង​កីឡា​សម័យ​ទំនើប​នោះ មាន​ប្រតិកម្ម​ថា​៖​«ល្បុក្កតោ​ពិតជា​ក្បាច់គុន​របស់​ខ្មែរ​ពិតប្រាកដ ដែល​មាន​អំណះអំណាង​ទាំង​ឯកសារ​ចងក្រង​និង​ចម្លាក់​នៅ​ប្រាងប្រាសាទ បុរាណ​ជា​ភ័ស្តុតាង​»។

លោក វ៉ាត់ ចំរើន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «​រីឯ ក្បាច់គុន​ក្រៅពី​ល្បុក្កតោ មាន​ដូចជា ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ យុទ្ធគុនខម ឬ​យុទ្ធគុន​ក្រម ដែល​លម្អិត​ទៅ​ជា​ឈ្មោះ​ក្បាច់គុន​ដូចជា​ក្បាច់​ក្រពើហា ខ្លា​ក្រាប ស្រង៉ែពេន ឈៀង​កន្តៀត​។ល។ គឺ​សុទ្ធ​តែ​របស់​ខ្មែរ​ទាំងអស់ មិន​អាច​និយាយ​ថា ក្បាច់​មួយ​ណា​នៅ​ក្រោម​មួយ​ណា​ទេ ព្រោះ​វា​ជា​របស់​ខ្មែរ ដែល​រីកចម្រើន​តាម​សម័យកាល ដូច្នោះ​អ្វី​ដែល​លោកគ្រូ​តាក្រមា​មាស សាន គឹមស៊ាន និង​ព្រឹទ្ធាចារ្យ​ក្បាច់គុន ហុក ឈាងគីម លើក​ឡើង​ត្រឹមត្រូវ ខ្ញុំ​គាំទ្រ»​៕
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 245 
ពីម្សិលមិញ 279 
សរុប 27,776