និស្សិតស្រីៗនៅកម្ពុជាចងក្បិនហាត់ ល្បុកតោ ដើម្បីផ្សាយក្បាច់គុនខ្មែរ
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
2004
រូបភាព
![]()
និស្សិតស្រីៗនៅកម្ពុជាបច្ចុប្បន្នចាប់ផ្តើមចូលចិត្តហាត់ល្បុកតោ ដែលជាក្បាច់
និស្សិតស្រីៗនៅកម្ពុជាឥឡូវ ខ្លះកំពុងឆ្លៀតហាត់ល្បុកតោដើម្បីការពារខ្លួន ហើយខ្លះទៀតបានហាត់ក្បាច់គុនខ្មែរនេះឡើងល្បី។ ជាក់ស្តែង កញ្ញា ខៀវ ចិន្តារ័ត្ន និងកញ្ញា សេង សុនីតា បានរៀនគុនបុរាណ រហូតប្រកួតបានពានរង្វាន់។ ប៉ុន្តែ យុវតីទាំងពីរមានឧត្តមគតិលើសពីមេដាយទៅទៀត។
៙ ពាក់អាវយឺត ស្លៀកសំពត់ចងក្បិន និងជួតក្រមានៅនឹងក្បាល និស្សិតស្រីក្មេងៗជាអ្នកហាត់ក្បាច់គុន ដែលខំឆ្លៀតពេលពីការសិក្សានៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។ ពួកគេអះអាងថា ការហាត់ល្បុកតោមិនត្រឹមតែពុំមានបញ្ហាចំពោះស្រីៗទេ វាថែមទាំងជួយឱ្យពួកគេអាចការពារខ្លួនផងនិងផ្សាយវប្បធម៌ខ្មែរផង ក្រៅពីដើម្បីប្រកួតដណ្ដើមពានរង្វាន់។
ល្បុកតោជាក្បាច់គុនខ្មែរ ដែលត្រូវបានចារឹកនៅលើជញ្ជាំងប្រសាទបុរាណ ជាពិសេសប្រាសាទបន្ទាយស្រី ដែលសាងសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី១០ និងប្រសាទបន្ទាយឆ្មា ដែលស្ថាបនាឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣។ បច្ចុប្បន្ន ក្បាច់គុនដ៏ចំណាស់នេះ កំពុងធ្វើឱ្យយុវជនខ្មែរចាប់អារម្មណ៍ហាត់រៀន។ ក្នុងចំណោមនោះ ក៏មានដែរយុវតីដែលជានិស្សិតនៅតាមសាកលវិទ្យាល័យ។
កញ្ញា ខៀវ ចិន្តារត្ន័ តាមពិត ជាជំនួយការមន្ទីរពិសោធន៍នៅសកលវិទ្យាល័យពុទ្ធិសាស្ត្រទេ ប៉ុន្តែបានក្លាយជាជើងឯកល្បុកតោថា្នក់ជាតិ២ឆ្នាំផ្ទួន ពោលគឺឆ្នាំ២០១៣ និងឆ្នាំ២០១៤។ អ្នកនាងរម្លឹកថា៖ «ថ្ងៃដំបូងដែលខ្ញុំហាត់ គឺខ្ញុំចាំមិនភ្លេច ដោយខ្ញុំកំរើកខ្លួនសូម្បីតែលើកដៃក៏លើកមិនរួច»។ យុវតីរូបនេះបានបន្ថែម៖ «ខ្ញុំពិបាករឿងពេលវេលាដែរ ព្រោះខ្ញុំមានម៉ោងរៀនផ្នែកមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យផង ភាសាអង់គ្លេសផង ព្រមទាំងបែងចែកពេលមកហាត់នេះផង។ ពេលខ្លះមានម៉ោងជាន់គ្នា។ ដូច្នេះតម្រូវឲ្យខ្ញុំជ្រើសរើសយកមួយ»។
និយាយស្រដៀងគ្នានោះដែរ កញ្ញា សេង សុនីតា ដែលជាសមាជិកក្រុមល្បុកតោប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រម្នាក់ទៀត ក៏បានរម្លឹកដែរថា៖ «កាលហាត់ដំបូង មិនសូវមានមនុស្សស្រីហាត់ច្រើននោះទេ ដោយភាគច្រើនសុទ្ធតែជាប្រុសៗ។ អញ្ចឹងហើយ ខ្ញុំមានការខ្មាសអៀនច្រើន ដោយការហាត់តម្រូវឲ្យយើងទាញដៃទាញជើង ដែលមើលទៅមិនសូវសមរម្យ ព្រមទាំងឈឺខ្លួនទៀតផង»។ ប្រឹងប្រែងហាត់ល្បុកតោអស់រយៈប្រហែល២ឆ្នាំ សេង សុនីតា បានចូលរួមប្រកួតជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០១៥ ហើយទទួលបានមេដាយប្រាក់។
ទោះបីជាបានជួបប្រទះការលំបាកយ៉ាងណាក៏ដោយ ក៏យុវតីទាំង២រូបនេះហាក់ដូចជាមិនបានរាថយឡើយ ត្បិតពួកគេបានប្រឹងប្រែងរហូតទទួលបានផ្លែផ្កាពីការហាត់ល្បុកតោ។ ប៉ុន្តែ បើតាមសម្ដីរបស់អ្នកគុននិយមទាំងពីររូបនោះ ការហាត់នេះមិនត្រឹមតែបានផ្តល់ផលប្រយោជន៍សម្រាប់ការពារខ្លួននោះទេ តែថែមទាំងជួយផ្សព្វផ្សាយក្បាច់គុនបុរាណនេះ ឲ្យប្រជាជនខ្មែរ ក៏ដូចជាជនបរទេសស្គាល់ដែរ។ ចិន្តារ័ត្ន បានគូសបញ្ជាក់ថា៖ «នៅពេលដែលខ្ញុំហាត់ ខ្ញុំឃើញថាល្បុកតោមានក្បាច់ជាច្រើន ដែលក្បាច់នីមួយៗបង្ហាញពីអត្តសញ្ញាណខ្មែរ ហើយកាន់តែហាត់ ខ្ញុំកាន់តែស្រឡាញ់ក្បាច់គុនហ្នឹងតែម្តង»។ ជើងឯកល្បុកតោផ្នែកស្ត្រីរូបនេះបន្ត៖ «ម្យ៉ាងទៀត ខ្ញុំមានការផ្លាស់ប្តូរអត្តចរិក ដោយមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង មិនបារម្ភពេលទៅណាមកណា»។
កញ្ញា ខៀវ ចិន្តារ័ត្ន ជាកីឡាការិនីជម្រើសជាតិល្បុកតោម្នាក់ ដែលបានឈ្នះមេដាយមាសចំនួន៣គ្រឿងក្នុងឆ្នាំ២០១៣ និងមេដាយមាស៤គ្រឿងទៀតក្នុងឆ្នាំ២០១៤។ អ្នកនាងធ្លាប់បានចេញទៅសម្ដែងក្បាច់គុនល្បុកតោនៅប្រទេសបារាំង និងនៅប្រទេសកូរ៉េដែរ។ ប៉ុន្តែខណៈដែលភាពលេចធ្លោរបស់ស្ត្រីចាប់ផ្តើមមានក្នុងវិស័យកីឡាប្រភេទនេះ ចំនួនអ្នកហាត់គុនល្បុកតោស្រីៗនៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ ទោះបីជាបច្ចុប្បន្នសាកលវិទ្យាល័យមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ បានងាកមកចាប់អារម្មណ៍បើកក្លឹបសិក្សាក្បាច់គុនបុរាណខ្មែរក៏ដោយ។
លោក អ៊ូ តារា គ្រូបង្វឹកម្នាក់នៅសហព័ន្ធល្បុកតោកម្ពុជា បានកត់សម្គាល់ថា៖ «ចំនួនសិស្សស្រីនៅតែក្សត់ បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុន។ វាមានភាពល្អប្រសើរជាង ប៉ុន្តែស្ថិតនៅកម្រិតទៀបនៅឡើយ»។ គ្រូគុនល្បុកតោបានបន្តថា៖ «ការកើនឡើងនេះដោយសារការយល់ដឹងរបស់ស្ត្រី គាត់យល់ដឹងច្រើនពីក្បាច់គុន ដែលកាលពីមុនពួកគាត់ធ្លាប់គិតថា ការហាត់ក្បាច់គុននេះជារឿងដែលមិនត្រឹមត្រូវ ជាការវាយកាប់ចាក់ ដែលប៉ះពាល់ដល់រាងកាយរបស់ស្ត្រី និងដោយសារមានការដូរនៃការគិត ដែលថាការហាត់នេះគឺដើម្បីការពារវប្បធម៌បុរាណខ្មែរយើងនិងដើម្បីសុខភាពខ្លួនឯងផង»។ លោកគ្រូ អ៊ូ តារា បានបន្ថែមទៀតថា៖ «យើងជំរុញឲ្យសិស្សស្រីមករៀន ដោយតាមសាលានីមួយៗ គេតែងបញ្ចុះតម្លៃដល់ស្ត្រីនិងកុមារ»។
ស្ត្រីសម័យដើមគឺជាកម្លាំងចលករមួយដែលបានជួយការពារប្រទេស រីឯស្រ្តីសម័យឥឡូវក៏ទំនងជាមិនអន់ជាងស្ត្រីសម័យមុនប៉ុន្មានដែរ។ យ៉ាងណាមិញ កញ្ញា ខៀវ ចិន្តារ័ត្ន បានពញ្ញាក់ថា៖ «ការហាត់ក្បាច់គុនល្បុកតោមិនប៉ះពាល់ដល់ខ្លួនយើងជាស្ត្រីនោះទេ។ គំនិតអ្នកផ្សេងគេមិនហ៊ានហាត់ដោយគេខ្លាចហត់ និងស្រលាញ់សម្រស់ តែសំរាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាជីវិតជាយុវវ័យ ជាអំឡុងពេលមួយដែលយើងត្រូវក្តាប់ឱកាសសាងស្នាដៃដើម្បីជាតិ ព្រោះនៅពេលដែលយើងមានគ្រួសារ យើងលែងមានឱកាសទៀតហើយ។ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិរក្សនិងអភិវឌ្ឍ ព្រោះស្ត្រីជាធនធានកម្រខាងផ្នែកកីឡា។ នៅពេលដែលមនុស្សស្រីខ្លាំង នោះមានន័យថា ប្រទេសជាតិនឹងខ្លាំងដែរ»។