ក្បាច់គុនល្បុក្កតោត្រូវបានបង្វឹកក្នុងកង ទ័ពលើកដំបូង
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
1366
រូបភាព
![]()
ការសម្តែងក្បាច់គុនល្បុក្កតោ អំឡុងកម្មវិធីលំហាត់យោធានៅខេត្ដកំពង់ស្ពឺ កាលព
ភ្នំពេញ: លោកសាន គឹមស៊ាន អ្នកនិយមស្រាវជ្រាវចងក្រងក្បាច់គុនកីឡាល្បុក្កតោ បានសម្តែងសាទរ និងពេញចិត្តបំផុត ខណៈដែលក្បាច់គុនល្បុក្កតោកម្ពុជាដែលលោកប្រឹងប្រែងមកជិត ២០ ឆ្នាំ ត្រូវបានក្រសួងការពារជាតិដាក់ចូលទៅក្នុងកម្មវិធីហ្វឹកហាត់ និងបង្ហាញជាលើកដំបូងនៅឯទីលានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍កងទ័ពជើងគោក នាខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅ។
លោកសាន គឹមស៊ាន ដែលមានរហស្សនាមថា គ្រូតាក្រមាមាស មានប្រសាសន៍ថា៖ «ការចងក្រងឯកសារក្បាច់គុនរបស់ខ្ញុំកន្លងមក មិនអត់ប្រយោជន៍ទេពីព្រោះឥឡូវនេះបង្វេចបានបើកហើយ គឺក្បាច់គុនរបស់ល្បុក្កតោត្រូវបានដាក់ចូលក្នុងកម្មវិធីហ្វឹកហាត់ក្នុងជួរកម្លាំងកងទ័ព»។
លោកបានបន្តថា៖ «កម្មវិធីលម្អិតនៃការហ្វឹកហាត់នោះ ខ្ញុំមិនទាន់កំណត់ច្បាស់នៅឡើយដោយចាំជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះមេបញ្ជាការរងកងទ័ពជើងគោកសិន»។
លោកសាន គឹមស៊ាន បានអះអាងថា ចំពោះគ្រូបង្វឹក លោក បានត្រៀមជាស្រេចដោយគ្រូម្នាក់ៗអាចបង្វឹកក្បាច់គុនដល់ទាហានជាង ២០០ នាក់ ក្នុងរយៈពេល ៣ ទៅ ៦ ខែដើម្បីឲ្យក្លាយទៅជាគ្រូបង្គោល។ក្បាច់សម្រាប់កងទ័ព ត្រូវបានផ្តោតទៅលើកម្លាំង និងស្នៀតដែលគ្មានអាវុធដែលមានប្រហែល ៣០០ ស្នៀតគឺមានម្នាក់ទល់ម្នាក់ និងម្នាក់ទល់ច្រើននាក់។
លោកស៊ីសុវត្ថិ សិរីវុទ្ធ អ្នកស្រាជជ្រាវ និងជាអ្នកអធិប្បាយកីឡាល្បុក្កតោ បានបញ្ជាក់ថា ក្បាច់គុនរបស់ល្បុក្កតោ មិនមែនសម្រាប់ការសម្តែងតែមួយមុខនោះទេ គឺជាក្បាច់គុនមានកំណើតក្នុងជីវភាពរស់នៅជាប្រចាំរបស់ខ្មែរតាំងពីបុរាណកាល ដែលប្រើប្រាស់ក្នុងជួរកងទ័ពក្នុងសង្គ្រាមច្បាំងគ្នា»។
លោកបានបន្តឲ្យដឹងថា៖ «ការសម្តែងរបស់ល្បុក្កតោគ្រាន់តែជាផ្នែកមួយឲ្យមហាជនស្គាល់ និងចងចាំតែប៉ុណ្ណោះ ប៉ុន្តែក្បាច់គុនពិតមានរាប់ពាន់ស្នៀតឯណោះ»។
លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរនៅឯខេត្តកំពង់ស្ពឺថា៖ «ទោះបីជាវិទ្យាសាស្ត្រ និងអាវុធទំនើបមានការជឿនលឿន ប៉ុន្តែសម្រាប់កងទ័ពម្នាក់ៗ ត្រូវតែហ្វឹកហាត់ក្បាច់គុនជាប្រចាំដើម្បីសុខភាព និងមានចំណេះខាងក្បាច់គុនប្រយុទ្ធគ្នាជាការចាំបាច់ដើម្បីការពារខ្លួន»។
លោកវ៉ាត់ ចំរើន បានឲ្យដឹងថា៖ «ខ្ញុំមកនេះតំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមក្នុងការបញ្ចេញក្បាច់គុនលើកទី ១ ក្នុងជួរកងទ័ពក្នុងពិធីបង្ហាញលំហាត់យោធាដែលមានអាវុធ ដែលក្នុងនោះកម្មវិធីបានអនុញ្ញាតឲ្យក្បាច់គុនល្បុក្កតោបញ្ចេញសមត្ថភាពអំពីក្បាច់គុនជាលើកដំបូងក្នុងជួរកងទ័ពក្នុងគម្រោងដាក់បញ្ចូលឲ្យកងទ័ពហ្វឹកហាត់តាមកម្មវិធីដែលយើងពិភាក្សាគ្នាបន្ត។
លោកបានប្រាប់បន្ថែមថា៖ «ទោះបីនៅក្នុងពិភពលោកមានភាពសម្បូរបែបផ្នែកអាវុធយុទ្ធភណ្ឌ ប៉ុន្តែ ការហ្វឹកហាត់នេះមានប្រយោជន៍សម្រាប់សុខភាព និងការពារខ្លួន។នៅប្រទេសជឿនលឿនក៏គេអនុវត្តក្បាច់គុនក្នុងកងទ័ពដែរ ដូចជា ប្រទេសកូរ៉េ កងទ័ពម្នាក់ យ៉ាងហោចណាស់ក៏ចេះក្បាច់គុនតេក្វាន់ដូពីរដាន់ដែរ ដូចគ្នាទៅនឹងប្រទេសចិន ក្នុងកងទ័ព ហាត់ក្បាច់គុនកុងហ្វូ»។
គួរបញ្ជាក់ថា ក្នុងពិធីបង្ហាញលំហាត់យុទ្ធសាស្ត្រកងទ័ពនោះ មានកងយោធពលខេមរភូមិន្ទ ៤០០ នាក់ កងទ័ពសហរដ្ឋអាមេរិក ១០៨ នាក់ បានសម្តែង និងបង្ហាញយុទ្ធសាស្ត្រ ក្នុងនោះដែរ ល្បុក្កតោ ត្រូវបានសម្តែងជូនកងទ័ព និងគណៈអធិបតីជាលើកដំបូង៕