ប្រតិភូវប្បធម៌កូរ៉េមកជួយរៀបចំឯកសារឲ្យល្បុក្កតោ
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
1519
រូបភាព
![]()
ប្រតិភូវប្បធម៌កូរ៉េខាងត្បូង មកជួយរៀបចំឯកសារល្បុក្កតោកម្ពុជា។
ភ្នំពេញ: លោក Kim Kwanghee ដែលជាប្រធានទំនាក់ទំងអន្តរជាតិមកពីអង្គការមូលនិធិវប្បធម៌អរូបីនៃសាធារណរដ្ឋកូរ៉េដែលជាអ្នកជំនាញកសាងឯកសារកីឡា និងវប្បធម៌សម្រាប់ដាក់ចូលអង្គការ UNESCO នោះ បានមកទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ និងជួយកសាងឯកសារវីដេអូ ក៏ដូចជាឯកសាររូបភាពកីឡាល្បុក្កតោកម្ពុជាដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ដែលកន្លងមកមិនទាន់មានលក្ខណៈពេញលេញ និងគ្រប់គ្រាន់នៅឡើយ។
ពិធីនេះមានការចូលរួមពីលោកសាន គឹមស៊ាន គ្រូតាក្រមាមាស លោកហុក ឈាងគីម អគ្គលេខាធិការល្បុក្កតោ លោកវ៉ាត់ ចំរើន និងសិស្សគណនៃកីឡាល្បុក្កតោជាច្រើនទៀតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃអង្គារ ទី ៨ ខែកញ្ញា ឆ្នាំ ២០១៥។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្វាគមន៍ដល់ប្រតិភូនេះដោយលើកឡើងថា៖ «នេះជាការមកដល់នៃអ្នកដែលមានបទពិសោធក្នុងការរៀបចំឯកសារដើម្បីដាក់បញ្ចូលកីឡាល្បុក្កតោកម្ពុជាឲ្យបានទៅជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជាតិទៅជា វប្បធម៌អរូបីរបស់ពិភពលោកដែលត្រូវការបំពេញបន្ថែមនូវចំណុចខ្លះទៀត»។
លោក Kim Kwanghee មានបទពិសោធធ្លាប់ចងក្រងឯកសារបានសម្រេចដោយជោគជ័យក្នុងការដាក់បញ្ចូលនូវក្បាច់គុនដ៏ចំណាស់របស់កូរ៉េគឺក្បាច់គុន TAEKION ទៅជាសម្បត្តិវប្បធម៌អរូបីសម្រាប់មនុស្សជាតិ។
TAEKION គឺជាប្រភពដើមនៃក្បាច់គុនតេក្វាន់ដូ ខណៈកីឡាល្បុក្កតោកម្ពុជាវិញ ក៏មានវ័យចំណាស់ដែរ ដែលជាមរតកក្បាច់គុនបុរាណខ្មែរដ៏មានសក្តានុពលណាស់ និងមានភ័ស្តុតាងនៅលើប្រាង្គប្រសាទបុរាណខ្មែរ ហើយបន្សល់ទុកតាមការហាត់រៀនតៗគ្នា។
បន្ទាប់ពីបានទស្សនាការសម្តែងរបស់កីឡាករ និងកីឡាការិនីនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជារួចហើយ លោក Kim Kwanghee បានចាត់ទុកថា ក្បាច់គុនល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់ដែល អង្គការ UNESCO ត្រូវតែចុះបញ្ជីទទួលស្គាល់ថា ជាសម្បត្តិវប្បធម៌អរូបីពិភពលោករបស់មនុស្សជាតិដើម្បីថែរក្សាកុំឲ្យបាត់បង់។
លោកសាន គឹមស៊ាន ដែលជាគ្រូធំនៃក្បាច់គុនល្បុក្កតោ បានស្រាយបញ្ជាក់ឲ្យដឹងថា៖ «ក្បាច់គុនគឺជាចំណេះជំនាញរៀនគ្មានទីបញ្ចប់ទេ។ គ្រូក្បាច់គុន មិនចេះអស់ក្បាច់ទេ និងអាចបំបែកក្បាច់គុនបានកាន់តែច្រើនទៅតាមភាពវាងវៃរបស់ពួកគាត់ម្នាក់ៗរៀងៗខ្លួន ហើយនៅប៉ុន្មានសប្តាហ៍ទៀតនេះ ខ្ញុំនឹងស្វែងរកថវិកាសម្រាប់បោះពុម្ពជាសៀវភៅស្តីពីក្បាច់គុនល្បុក្កតោនេះ»។
លោកវ៉ាត់ ចំរើន បានប្រាប់បន្ថែមពីលើនេះថា៖ «ខាងកូរ៉េជួយកម្ពុជាក្នុងការរៀបចំជាឯកសាររូបភាពគឺរូបភាពគ្មានចលនា (រូបថត) និងរូបភាពមានចលនា (វីដេអូ) ព្រមទាំងឯកសារជាសំឡេងដើម្បីបញ្ជូនបន្ថែមទៅ UNESCO តាមរយៈអង្គការយុទ្ធសិល្ប៍បុរាណនៅកូរ៉េដែលជាដៃគូរបស់ UNESCO។ គេតម្រូវឲ្យកម្ពុជាថតឯកសារដែលមានរយៈពេល ៩០ នាទីដើម្បីដាក់ជូនទៅ UNESCO។ ខ្ញុំមានជំនឿថា ល្បុក្កតោនឹងក្លាយទៅជាសម្បត្តិវប្បធម៌អរូបីពិភពលោកនៅពេលខាងមុខនេះមិនខាន»។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអន្តរក្រសួង បានកសាងឯកសារដាក់ជូនអង្គការ UNESCO តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែ មកដល់ពេលនេះនៅមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីឲ្យ UNESCO ទទួលយកជាផ្លូវការនៅឡើយ ដោយរង់ចាំឯកសារវីដេអូស្តីពីល្បុក្កតោរយៈពេល ៩០ នាទីបន្ថែមទៀត៕