ប្រធានស្ថាប័ន ៣ ចាប់អារម្មណ៍ខ្លាំងលើកីឡា ល្បុក្កតោ
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
1677
រូបភាព
![]()
លោក គួច ម៉េងលី លោក ថោង ខុន និងលោក ហ៊ុន ម៉ាណែត ក្នុងសិក្ខាសាលា ពីថ្ងៃចន្ទ។
ភ្នំពេញៈ ប្រធានស្ថាប័នចំនួន ៣ រួមមានលោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកវិទ្យាស្ថានអន្ដរទ្វីប ជាប្រធានកិត្តិយសសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក សុទ្ធតែបានបង្ហាញពីទស្សនៈ និងចំណាប់អារម្មណ៍គាំទ្រទៅលើគុណតម្លៃល្បុក្កតោ។
ការបង្ហាញពីទស្សនៈ និងការយល់ឃើញរបស់ប្រធានស្ថាប័នទាំង ៣ នេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី«គុណតម្លៃល្បុក្កតោ ក្នុងសង្គមវប្បធម៌ខ្មែរ» ដែលបានបើកកិច្ចពិភាក្សា នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ ហើយសិក្ខាសាលានេះ នឹងបញ្ចប់នៅថ្ងៃនេះ ដើម្បីរកគំនិតជារួមមួយ កសាងឯកសារថ្នាក់ជាតិមានលក្ខណៈទំនើបដាក់ជូនដល់អង្គការយូណេស្កូ។
លោក គួច ម៉េងលី បានថ្លែងថា ថា៖«វិទ្យាស្ថានអន្ដរទ្វីប នឹងដាក់កីឡាល្បុក្កតោ ចូលក្នុងកម្មវិធីរបស់សាលាផ្ទាល់តែម្ដង ដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍក្បាច់គុន ដែលជាមរតកវប្បធម៌របស់ជាតិខ្មែរតាំងពីបុរាណកាល ហើយនៅតាមស្ថាប័ន ឬគ្រឹះស្ថានអប់រំជាលក្ខណៈឯកជន ឬរាជរដ្ឋាភិបាល គួរជំរុញការហ្វឹកហាត់ល្បុក្កតោទូទាំងប្រទេសកម្ពុជា ព្រោះជាកីឡាប្រពៃណី និងវប្បធម៌ជាតិ»។
លោកបន្ដថា សិស្សនិស្សិត ១២០០០ នាក់ និងបុគ្គលិកសិក្សាចំនួនជាង ១៥០០ នាក់នៃវិទ្យាស្ថានអន្ដរទ្វីប នឹងទទួលបានការហ្វឹកហាត់កីឡាល្បុកត្តោ ដែលលោកបានជំរុញ ព្រមទាំងទទួលយកដាក់ចូលក្នុងកម្មវិធីសិក្សាក្នុងវិទ្យាស្ថានរបស់លោកតែម្ដង ដើម្បីជាការចាំបាច់ដល់កូនខ្មែរ ហើយព្រឹទ្ធាចារ្យ ហុក ឈាងគីម និងលោក សាន គឹមស៊ាន គឺជាស្ថាបនិក បន្ដការងារ និងស្នាដៃកីឡាល្បុក្កតោ ដោយមិនខ្លាចនឿយហត់សម្រាប់កូនខ្មែរ។
ចំណែក លោក ហ៊ុន ម៉ាណែត នាយសេនាធិការចម្រុះ និងជាមេបញ្ជាការរងទ័ពជើងគោក មានចំណាប់អារម្មណ៍ថា កីឡាល្បុក្កតោ ជាមរតកព្រលឹងជាតិខ្មែរ ហើយជាមួយគុណតម្លៃល្បុក្កតោនេះ គឺយើងទាំងអស់គ្នា ត្រូវតែខិតខំរក្សា និងជួយអភិវឌ្ឍ។
លោក បន្ដថា ល្បុក្កតោ នឹងក្លាយទៅជាក្បាច់គុនមួយ ដែលសកម្មសម្រាប់យកទៅហ្វឹកហាត់ក្នុងជួរកងទ័ព និងនៅតាមគ្រឹះស្ថានអប់រំកាយកីឡាមួយចំនួនរបស់ប្រទេសយើង ព្រោះជាអត្ដសញ្ញាណកីឡាវប្បធម៌របស់ជាតិយើង។
លោកបានសង្កត់ធ្ងន់ថា៖«ទោះបីគំនិតយោបល់ទស្សនៈមានខុសៗពីគ្នា និងការនិយមទៅតាមតំបន់ខេត្ដផ្សេងៗពីគ្នា ប៉ុន្តែយើងត្រូវតែខិតខំអប់រំណែនាំបណ្តុះបណ្តាលឲ្យទៅជាលក្ខណៈរួមតែមួយ ជារបស់ជាតិតែមួយក្នុងសង្គមខ្មែរ ដើម្បីឯកភាពជាតិឆ្ពោះទៅជាក្បាច់គុនមួយ ដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ជាបេតិកភណ្ឌមនុស្សជាតិ។ ខ្ញុំនឹងប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យក្បាច់គុនល្បុក្កតោរបស់ខ្មែរ មានការហ្វឹកហាត់ក្នុងកងទ័ព ព្រោះទោះបីជាវិទ្យាសាស្ត្រ ឬបច្ចេកទេសអាវុធដល់កម្រិតទំនើបយ៉ាងណា តែក្បួនទាហានត្រូវតែចេះវិជ្ជាគុនជារឿងចាំបាច់ ហើយកាលខ្ញុំទៅប្រទេសអូស្ត្រាលី ខ្ញុំបានប្រាប់គេថា ល្បុក្កតោ ជាក្បាច់គុនមានសក្តានុពលល្អ ក្នុងការហ្វឹកហ្វឺនកងទ័ព»។
ចំណែកលោក ថោង ខុន បានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១២ គណៈកម្មការអន្តរក្រសួង បានជំរុញឲ្យមានកសាងឯកសារកីឡាល្បុក្កតោ ដើម្បីចុះបញ្ជីវប្បធម៌អរូបីពិភពលោក ប៉ុន្តែ UNESCO បានរុញមកវិញ ដើម្បីឲ្យកម្ពុជាកសាងឯកសារឲ្យរឹងមាំ ហេតុនេះអ្នកចូលរួមជាង ២០០ នាក់មកពីស្ថាប័នពាក់ព័ន្ធ និងកីឡា រួមទាំងអ្នកជំនាញជិតំ ២០ នាក់ធ្វើជាវាគ្មិនក្នុងសិក្ខាសាលានេះ នឹងផ្តល់គំនិតយោបល់ ដែលជាធាតុផ្សំ និងធាតុចូលគ្រប់គ្រាន់ សម្រាប់ចងក្រងជាឯកសារពីគុណតម្លៃល្បុក្កតោខ្មែរ ដើម្បីបំពេញបែបបទចុះបញ្ជីល្បុក្កតោ ក្នុងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ឲ្យទទួលបានជោគជ័យក្នុងពេលខាងមុខនេះ៕